ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង មាន៤បន្ទប់ នៅសាលាមត្តេយ្យសិក្សាជីផុច ស្ថិតនៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
អគារសាលាមត្តេយ្យនេះ ផ្ដួចផ្ដើមកសាងដោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពីឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណជាង៨ម៉ឺនដុល្លារអាម៉េរិក។
មានប្រសាសន៍សំណេះសំណាលនៃឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ចាត់ទុកសមិទ្ធផលថ្មីមួយនេះ ថាទឡ្ហីករណ៍ជាក់ស្ដែង នៃការយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើមូលដ្ឋានមរតកនយោបាយដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី។
ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណថ្នាក់ដឹកនាំ ក្រុមការងារ រួមទាំងសប្បុរសជន ដែលបានចូលរួមគាំទ្រសាងសង់អគារសិក្សាសាលាមត្តេយ្យនេះ និងសង្ឃឹមជឿជាក់ថា អគារសិក្សាថ្មីនេះនឹងរួមចំណែកផ្ដល់បរិយាកាសកាន់តែប្រសើរសម្រាប់ការបង្រៀន និងរៀនរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាពិសេសកុមារតូចៗដែលជាទំពាំងស្នងឬស្សី។
យោងតាមរបាយការណ៍ លោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង ស្រុកនេះមានគ្រឹះស្ថានសិក្សាមានចំនួន៦៥កន្លែង ក្នុងនោះមាន មត្តេយ្យដាច់ ១កន្លែង មត្តេយ្យសហគមន៍ ២២កន្លែង សាលាបឋមសិក្សា ៥៥កន្លែង អនុវិទ្យាល័យ ៦កន្លែង វិទ្យាល័យ ៣កន្លែង និងមានមជ្ឈមណ្ឌលសិក្សា១កន្លែង។ លោកអះអាងថាសមិទ្ធផលសម្ពោធនាថ្ងៃនេះ បានធ្វើឱ្យវិស័យអប់រំក្នុងស្រុកមេសាង រីកចម្រើនមួយកម្រិតទៀត។
គួររម្លឹកថា សាលាបឋមសិក្សាជីផុច បង្កើតឡើងតាំងពីឆ្នាំ១៩៧៩ ក្នុងគោលបំណងផ្តល់ការអប់រំ និងបណ្ដុះបណ្ដាលកុមារ និងយុវជនក្នុងសហគមន៍។ ដោយមានការចង្អុលបង្ហាញ ពីសម្ដេចក្រឡាហោម និងការទទួលដឹកនាំជ្រោមជ្រែងពីឯកឧត្តមអភិសន្តិបណ្ឌិត សាលាមត្តេយ្យសិក្សាជីផុចចាប់ផ្ដើមសាងសង់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ និងបញ្ចប់ជាស្ថាពរនៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៥៕
No comments:
Post a Comment