ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ណែនាំដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ពង្រឹងការការពារសន្តិសុខ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តបាត់ដំបងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
ការណែនាំរបស់ឯកឧត្តម សុខ លូ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ពិធីសំណេះសំណាលនេះធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នាបរិវេណសាលាខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងសុខសុវត្ថិភាពរបស់បងប្អូនកងកម្លាំង និងប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនកងកម្លាំងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងជឿជាក់ និងគាំទ្រលើការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ខណៈរាជរដ្ឋាភិបាលបានចាត់ទុកសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋជាកិច្ចការអាទិភាព។
ឯកឧត្តម បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលកន្លងមកបានខិតខំតស៊ូពុះពារលះបង់គ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ថា ការរៀបចំសង្រ្កាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ គឺធ្វើឡើងដោយផ្សារភ្ជាប់ជាមួយការដឹងគុណ និងការកៀរគរធនធានដើម្បីគាំទ្រដល់កងទ័ពជួរមុខដែលបានលះបង់សាច់ស្រស់ឈាមស្រស់ពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង





No comments:
Post a Comment