លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ នារសៀល ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ។
ក្នុងពិធីនោះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិកាក្រសួងការពារជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ែន ហត រដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារសាច់ញ្ញាតិនៃសព បានប្រព្រឹត្តទៅតាមបែបប្រពៃណីព្រះពុទ្ធសាសនា រួមមាន ៖ នមស្សកាថ្វាយបង្គំព្រះ ចម្រើនព្រះបរិត និងសម្តែងធម្មទេសនា ដោយ សម្តេចព្រះវនរ័ត្នកិត្តិឧសទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស ។
សូមរំលឹកផងដែរថា ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន ជាមេបញ្ជាការ និងជាយុទ្ធមិត្តធ្លាប់រួមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់ និង ជាមិត្តរួមអាវុធដ៏ស្មោះត្រង់ និងអ្នកជួយយកអាសារបំផុត នៅលើគ្រប់សមរភូមិប្រយុទ្ធ ចាប់តាំងពីប្រទេសមានអសន្តិសុខ រហូតប្រទេសទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងពេញលេញរហូតមកដល់ពេលបច្ចុប្បន្ន។
ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន បានទៅ សោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
No comments:
Post a Comment