ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ ៖ ឃុំចំនួន៥ នៃស្រុកបសេដ្ឋនឹងក្លាយជាគោលដៅក្នុងការអនុវត្តគម្រោងកសិកម្មស្ងួត-សើម(AWD)បែបទំនើប - YKN NEWS

Breaking

Monday, August 4, 2025

ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ ៖ ឃុំចំនួន៥ នៃស្រុកបសេដ្ឋនឹងក្លាយជាគោលដៅក្នុងការអនុវត្តគម្រោងកសិកម្មស្ងួត-សើម(AWD)បែបទំនើប

ខេត្តកំពង់ស្ពឺ៖ ឃុំចំនួន៥នៃស្រុកបសេដ្ឋនឹងក្លាយជាគោលដៅក្នុងការអនុវត្តគម្រោងកសិកម្មស្ងួត-សើម(AWD)នៃក្រុមហ៊ុនThanks Carbon Inc និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(សម្ព័ន្ធភាពCPDD)។នេះបើយោងតាមការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសចុះអនុស្សារណ:នៃការយោគយល់គ្នាMOUរវាងក្រុមហ៊ុន Thanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD) ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នៅវិមានរដ្ឋបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា រដ្ឋបាលខេត្តតាមរយៈមន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់បានចុះអនុស្សារណ:នៃការយោគយល់ជាមួយ ក្រុមហ៊ុនThanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD)ដើម្បីបង្ហាញអំពីទស្សនទាន និងគោលដៅគម្រោងស្ងួត-សើម (AWD) ក្នុងការស្វែងរកកិច្ចសហការសម្រាប់ការអនុវត្ត គម្រោង។ ហើយតាមរយៈនេះ ក៏បានកំណត់នូវឱកាស បញ្ហាប្រឈម និងអនុសាសន៍នានាពាក់ព័ន្ធនឹងគម្រោងស្ងួត-សើម ជាពិសេសដើម្បីឱ្យការអនុវត្តគម្រោងបានចូលរួមចំណែកក្នុងការផ្សាភ្ជាប់ និងគាំទ្រផ្នែកច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានជាធរមាន ក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងរបស់ប្រជាកសិករទូទៅ។

អភិបាលខេត្តកំពង់ស្ពឺបានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ។ ក្នុងមួយឆ្នាំប្រជាកសិករក្នុងខេត្តនេះអាចផលិតស្រូវបានជាងមួយលានតោន​ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ។ដូច្នេះគម្រោងកសិកម្មស្ងួត-សើមរបស់ក្រុមហ៊ុននិងអង្គការសម្ព័ន្ធភាពដែលជ្រើសយកឃុំគោលដៅទាំង៥ក្នុងស្រុកបសេដ្ឋមាន១.ឃុំពោធិម្រាល ២.ឃុំនិទាន ៣.ឃុំពោធិចំរើន ៤.ឃុំពោធិអង្រ្កង ៥.ឃុំព្រះខែនិងធ្វើឱ្យមានទំនើបកម្មលើវិស័យកសិកម្មនៅក្នុងស្រុកនេះមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និង និរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមអភិក្រម និងវិសាលភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់(ធនធានដី និងធនធានធម្មជាតិផ្សេងៗទៀត) ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើ ប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ការស្រាវជ្រាវនិងការអភិវឌ្ឍយន្តូបនីយកម្មផងដែរ៕

ប្រភព៖​ រដ្ឋបាលខេត្តកំពង់ស្ពឺ






 

No comments:

Post a Comment

Pages