ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥ - YKN NEWS

Breaking

Monday, August 4, 2025

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥

អនុវត្តតាមគោលការណ៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ នាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥ ។ 

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានដឹកនាំ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ ។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវបទបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឱ្យបង្កើនការយកចិត្តទុកដាក់ក្តោបសភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងសង្គម ។ កម្លាំងជំនាញ និងនគរបាលបាលតាមខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធិភាព ជាពិសេស បទល្មើសដែលជាបញ្ហាប្រឈមនោះ គឺបទល្មើសកាច់សោរកម៉ូតូ និងបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈ ធ្វើយ៉ាងណាត្រូវធានាឱ្យបាន ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ និងសង្គមជាតិ ។ 

ឯកឧត្តមស្នងការ ណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ ដោយត្រូវត្រួតពិនិត្យវត្តមានឱ្យបានត្រឹមត្រូវ កម្លាំងត្រូវត្រៀមចំណុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង បែងចែងឱ្យមានវេនប្រចាំការ វេនល្បាតក្នុងមូលដ្ឋានជាប្រចាំ ដើម្បីជាការបំពេញតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ក្នុងការបម្រើប្រជាជន និងជាតិមាតុភូមិ ។ 

ការិយាល័យជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ តាមដានឱ្យបានជាប់លាប់ លើព័ត៌មាន ឬការបង្ហោះនៅលើបណ្តាញសង្គមទាំងឡាុយណា ដែលចរិតញុះញង់រើសអើងបង្កឱ្យមានការប៉ះពាល់ទៅដល់សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម គឺត្រូវតែទប់ស្កាត់ និងចាត់វិធានការច្បាប់ជាធរមាន ប្រសិនបើរកឃើញមានបទល្មើស។ 

ឆ្លៀតក្នុងអង្គប្រជុំដដែលនោះ ឯកឧត្តមស្នងការ ក៏ក្រើនរំលឹកបន្ថែមទៀត ឱ្យជំនាញ និងអធិការខណ្ឌទាំង១៤ បន្តពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ដែលវាក៏ជាភារកិច្ចស្នូលរបស់សមត្ថកិច្ច និងជាការចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់យកបញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បងទី៤ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រយុទ្ធប្រឆាំងផងនោះ ។ 

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានជំរុញឱ្យមន្រ្តីនគរបាល នៅថ្នាក់មូលដ្ឋាន ត្រូវពង្រាយកម្លាំងចេញដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅតំបន់ ឬគោលដៅដែលងាយរងនូវការកកស្ទះនានា ឱ្យបានទាន់ពេលវេលា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ






 

No comments:

Post a Comment

Pages