ឯកឧត្តម សុខ លូ បន្តនាំយកអំណោយសប្បុរសជនប្រគល់ជូនកងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង - YKN NEWS

Breaking

Thursday, July 31, 2025

ឯកឧត្តម សុខ លូ បន្តនាំយកអំណោយសប្បុរសជនប្រគល់ជូនកងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងបន្តនាំយកនូវអំណោយរបស់សប្បុរសជននានាដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត ដើម្បីបន្តផ្តល់ជូនបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ កំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ក្នុងនោះរួមមាន អធិការដ្ឋាននគរបាលស្រុក កំរៀង ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង  ក្រុមការងារទំនាក់ទំនងច្រកទ្វារព្រំដែនអន្តរជាតិដូង និងមូលដ្ឋានកម្លាំងរាជអាវុធហត្ថ ស្រុកកំរៀង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរយកចិត្តទុក​ដាក់ឧបត្ថម្ភគាំទ្រនិងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ពកម្ពុជាពុំឱ្យមានការខ្វះខាតនោះឡើយ។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ទាំងនេះជាអំណោយរបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ចូលរួមឧបត្ថមយ៉ាងផុសផុលក្នុងស្មារតីខ្មែរជួយខ្មែរ និងការពារនូវបូរណភាពទឹកដី បង្ហាញពីការស្រឡាញ់សុខសន្តិភាព។ មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់ថ្នាក់ និងយុវជននៅក្នុងខេត្តបាត់ដំបង កាន់តែផុលផុសយ៉ាងខ្លាំងក្នុងការបរិច្ចាគនូវធនធានផ្ទាល់ខ្លួន និងនាំយកអំណោយជាថវិកា គ្រឿងឧបភោគ-បរិភោគ និង សម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ជួយទ្រទ្រង់ ផ្តល់ជូនដល់បងប្អូនប្រជាពលករខ្មែរ ដែលវិលត្រឡប់ ពីប្រទេសថៃ និងឧបត្ថម្ភគាំទ្រដើម្បីជាការចូលរួមចំណែកជួយដល់កងទ័ព ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងដើម្បីឆ្លើយតប តាមរយៈនៃការអំពាវនាវរបស់រដ្ឋបាលខេត្តបាត់ដំបង និងបង្ហាញពីទឹកចិត្តអ្នកនៅសមរភូមិក្រោយ ជួយឧបត្ថម្ភដល់សមរភូមិមុខ។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករខ្មែរត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ ដែលជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជាយើង។ ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់សប្បុរសជនសូមបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀតទៅតាមលទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង






 

No comments:

Post a Comment

Pages