លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជេីញបន្តជួយអន្តរាគមន៍ និងសម្របសម្រួល បងប្អូន ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃវិញ - YKN NEWS

Breaking

Tuesday, July 29, 2025

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជេីញបន្តជួយអន្តរាគមន៍ និងសម្របសម្រួល បងប្អូន ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃវិញ

ប៉ៃលិន៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន​​ បានអញ្ជេីញបន្តជួយអន្តរាគមន៍ សម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ វិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលខេត្តប៉ៃលិន បានជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុ​ភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ដោយរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្ត​ប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរ​ព្រំ​ដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់​ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។

លោកជំទាវបណ្ឌិត ក៏បានមានប្រសាសន៍បន្តអំពាវនាវ និងជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឬក្នុងករណីបងប្អូន កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជូន ២៤ម៉ោង/២៤ម៉ោង។

គួរកត់សម្គាល់ថា៖ បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សង្កេតឃើញថា មានបងប្អូនពលករខ្មែរកាន់តែច្រើនឡើង បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើត​វិញ តាមច្រកទ្វារព្រំដែនមួយចំនួន រួមទាំងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិនផងដែរ៕

ប្រភព៖រដ្ឋបាលខេត្តប៉ៃលិន






 

No comments:

Post a Comment

Pages