រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយជាង១០០មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម - YKN NEWS

Breaking

Monday, July 28, 2025

រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយជាង១០០មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ព្រះវិហារ ៖ រដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយជាង១០០មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ។

​  អំណោយចម្រុះជាង១០០មុខ ដែលបានមកពីទឹកចិត្តសប្បុរសជន និងពលរដ្ឋភៀសសឹកនៅរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសចេញពីតំបន់ប្រឈមមុខគ្នា ដោយអាវុធពីការឈ្លានពាន យ៉ាងគឃ្លើនរបស់ទាហានថៃមកលើអធិបតេយ្យភាពកម្ពុជានៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។

  អំណោយទាំងអស់នេះ ត្រូវបានឯកឧត្តមឯក ឃុនដឿន អភិបាលរងរាជធានីតំណាង ឯកឧត្តម​ ឃួង ស្រេង អភិបាល​ នៃគណ:អភិបាលរាជធានីភ្នំពេញ​ នាំទៅប្រគល់ជូនដល់ឯកឧត្ដម ប្រាក់ សុវណ្ណ​ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សម្រាប់ផ្ដល់ដល់មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ក្រោមការទទួលពីអាជ្ញាធរខេត្ត ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀស​ចេញ​ពីផ្ទះសម្បែងចំនួន ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់ ។

អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនាពេលនេះ រួមមាន ៖  ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ភួយមុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត សរុបទាំងអស់ចំនួន១០៣មុខ ។ 

  ឯកឧត្តម​ ឯក ឃុនដឿន អញ្ជើញក្នុងនាមជាតំណាង ឯកឧត្ដម​ ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ ក្នុងឱកាសនោះ បានថ្លែង​អំណរគុណ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ទឹក​ចិត្ត​សប្បុរសជននៅរាជធានីភ្នំពេញ​ ដែលតែងតែចូលរួមចែករំលែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន ​ដើម្បីឧបត្ថម្ភ​ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ ដែល​បាននឹងកំពុង​ជម្លៀស​ចេញ​ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែង​សុវត្ថិភាព​។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​។ សូម​អរគុណ​នូវ​ទឹក​ចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង និងសប្បុរសជន ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះវិហារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មាន ប្រជាពលរដ្ឋ ចំនួន៦ឃុំ ក្នុងចំណោម៨ឃុំនៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំ សរុបចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់ ក្នុងនោះបងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ ។ ដោយទ្បែក ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន ១៥កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ៥,៨៥៥គ្រួសារ ស្មេីនឹង​១៩,៩៤៣នាក់។ ដោយឡែកនៅ មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម សរុបមានចំនួន ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្នុងឱកាសនោះដែរ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ឱ្យតំណាងអភិបាលរងរាជធានីមួយរូបនាំយកអំណោយរបស់ប្រជាពលរដ្ឋនិងសប្បុរសជនក្នុងរាជធានីភ្នំពេញមកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម នេះ។ នេះពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ






 

No comments:

Post a Comment

Pages