ថ្នាក់ដឹកនាំខេត្តសៀមរាប នាំយកនូវថវិការបស់សម្តេចមហាបវរធិបតី​​ និងលោកជំទាវបណ្ឌិត​ ប្រគល់ជូនដល់គ្រួសារលោក​ព្រីន្ទបាលឯក​ ថៃ​ លឹង​ ដែលបានពលី​ នៅតំបន់ភ្នំទ្រព្យ - YKN NEWS

Breaking

Saturday, August 2, 2025

ថ្នាក់ដឹកនាំខេត្តសៀមរាប នាំយកនូវថវិការបស់សម្តេចមហាបវរធិបតី​​ និងលោកជំទាវបណ្ឌិត​ ប្រគល់ជូនដល់គ្រួសារលោក​ព្រីន្ទបាលឯក​ ថៃ​ លឹង​ ដែលបានពលី​ នៅតំបន់ភ្នំទ្រព្យ

ខេត្តសៀមរាប៖ នាថ្ងៃសុក្រ ទី១​ ខែសីហា​ ឆ្នាំ២០២៥​ ឯកឧត្តម​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក​ ហែន​ ពុទ្ធី​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងក្រុមការងារបាននាំយកនូវថវិកាចំនួន​ ៨០លានរៀល​ និងសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ដេីម្បីប្រគល់ជូនដល់គ្រួសារលោក​ព្រីន្ទបាលឯក​ ថៃ​ លឹង​ ដែលបានពលីកាលថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២៥​ តំបន់ភ្នំទ្រព្យ។ 

ឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី​ នាយករដ្ឋមន្ត្រី​ និងលោកជំទាវ​បណ្ឌិត​ ដែលបានគិតគូរនិងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ​ និងសោកសង្រែកជាមួយនឹងក្រុមគ្រួសារយោធិនពលីនៅតំបន់សមរភូមិជួរមុខនេះ។ 

ឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្តបានពាំនាំនូវការផ្តាំផ្ញេីរបស់សម្តេចធិបតីក្នុងការរំលែកទុក្ខនៃមរណភាពរបស់លោក​ព្រីន្ទបាលឯក​ ថៃ​ លឹង​ គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ នូវវីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហានម្នាក់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។

ឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្ត​ ក្នុងវេលាប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំនេះ សូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសាររបស់វីរយុទ្ធជនដ៏អង់អាចក្លាហាន ដោយសេចក្តីសោកស្តាយ អាឡោះ អាល័យបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក​ព្រីន្ទបាលឯក​ ថៃ​ លឹង​ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប






 

No comments:

Post a Comment

Pages