នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត រួមដំណើរដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នាយកសាខា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរពេទ្យ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ជា មួយលាភ អាយុ៣៥ឆ្នាំ ជាភរិយាយោធិនជួរមុខទិសមុំបី បានភៀសសឹកពី ភូមិសែនរុងរឿង១ ឃុំទឹកក្រហម ខេត្តព្រះវិហារ ដែលបានត្រៀមសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា និងបណ្តាញការងារគ្រប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង។
ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនលោកស្រី ជា មួយលាភ រួមមាន: អង្ករ ៥០គក្រ រួមទាំង គ្រឿងឧបភោគ បរិភោគ ទឹកដោះគោឆៅ ២យួរ ទឹកសុទ្ធ ២កេស ឃីតស្ត្រី ១ឈុត និង ថវិកាចំនួន ១០លានរៀល៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
No comments:
Post a Comment